ពុទ្ធប្រវត្តិ

ពុទ្ធប្រវត្តិ

រាជវង្ស កំណើត
ព្រះបាទសុទ្ធោទនរាជវង្សគោត្តមព្រះរាជាបក្សសម្ព័ន្ធសាក្យៈសោយរាជសម្បត្តិនៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាមសិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័ន្ធកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរ កបិលពស្តុ ព្រះនាងសិរិមហាមយា ទ្រង់បានសុបិន្និមិត្តឃើញដំរីសមួយមានភ្លុក ៦ ចុះពីស្ថានតុសិតហើយចូលមកក្នុងព្រះឧទរព្រះនាងផ្នែកខាងស្តាំទំនាយថាព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមី យ៉ាងលើសលុប ខ្ពស់អស់សព្វសត្វទាំងពួង ។ តាមរឿងនិទានខ្លាះថា ទេវបុត្តសន្តុសិត យាងចុះពីឋានតុសិតមកចាប់ កំណើតក្នុងផ្ទៃព្រះនាង។ ព្រះនាងសិរិមហាមយា ទ្រង់ធ្វើដំណើរយាងទៅកាន់នគរទេវទហៈដើម្បីរៀបចំប្រសូតបុត្រ ព្រោះតាមទំនៀមទម្លាប់នៃព្រះរាជានាសម័យនោះភរិយាត្រូវទៅប្រសូត្របុត្រនៅនគរឬផ្ទះខាងភរិយា។ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរមកដល់ព្រំដែននៃនគរទាំងពីរ ក្នុងព្រៃលុម្ពិនី ទ្រង់ ក៏ប្រសូតបុត្រ នៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ប្រសូត្រនៅថ្ងៃសុក្រ ១៥កើត ពេញបូរណមី ខែពិសាខ ឆ្នាំច ។


ពិធីថ្វាយព្រះនាម
      ក្រោយពីព្រះរាជឳរសប្រសូតបានប្រាំថ្ងៃ  ពិធីរៀបចំថ្វាយព្រះនាមថា  សិទ្ធត្ថ  ប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាងត្រូវបានរៀបចំធ្វើឡើងដោយព្រាហ្មណ៍៨នាក់ ព្រាហ្មណ៍៧ម្នាក់លើម្រាមដៃពីរទាយថាបើព្រះរាជកុមារស្ថិតនៅជាក្សត្រព្រះអង្គនឹងបានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះកោណ្ឌញ្ញព្រាហ្មណ៍លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារ ប្រាកដជាបានត្រាស ប្រសូត្របាន៧ថ្ងៃ ព្រះមាតា ព្រះនាងសិរិមហាមយា ទ្រង់សោយទីវង្គត់ ព្រះរាជកុមារសិទ្ធត្ថត្រូវបានព្រះមាតុច្ឆាព្រះនាងមហាបជាបតីគោតមីបីបាច់រក្សាតមក។


រាជាភិសេក
         ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន១៦ឆ្នាំទ្រង់បានរៀបអភិសេកជាមួយបុត្រីស្តេចសុប្បពុទ្ធព្រះនាមពិម្ពាយសោធរាដែលជានារីល្អលើសអស់សព្វនារីទាំងពួង។ដោយចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបិតាព្រះបាទសុទ្ធោទនៈ បានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាត់ឃាំងអោយព្រះសិទ្ធត្ថ ទ្រង់គង់នៅជាស្តេច ព្រះអង្គទ្រង់ចាត់អោយគេសង់ ប្រាសាទបី តំរូវទៅតាមកាលរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ រដូវរំហើយ។ ព្រះសិទ្ធត្ថ និងព្រះនាងពិម្ពា មានព្រះរាជបុត្រមួយ អង្គព្រះនាម រាហុល

ទេពនិមិត្ត៤យ៉ាង
ដោយចង់អោយព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់អោយគេយាមមិនអោយមានមនុស្សចាស់ ជរា ឈឺ ឬ ស្លាប់ អោយព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើ អ្នកបំរើភីលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំងព្រះសិទ្ធត្ថ ទ្រង់សោយសុខ ដោយកាមលោកីយគ្រប់ប្រការ។
        នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ   ភីលៀងអាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើអោយព្រះអង្គ ទ្រង់មានការខ្វល់ខ្វាយអផ្សុកក្នុងព្រះកាយយ៉ាងខ្លាំង។ព្រះអង្គក៏ចេញទៅក្រសាលក្នុងឧទ្យាននាព្រះបរមរាជវាំងដែលព្រះអង្គទ្រង់បានជួបទេពនិមិត្ត ៤ប្រការដូចនេះ  ៖
១-ទេពនិមិត្តជាមនុស្សចាស់ ទេព្តាបាននិមិត្តខ្លួនជាមនុស្សចាស់អោយទ្រង់ទតឃើញ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យថានេះជាអ្វី? ពួកសេនាមាត្យ ក៏ទូលព្រះអង្គថា ព្រះករុណា លោកម្ចាស់នេះគឺជា«មនុស្សចាស់»
២-ទេពនិមិត្ត ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនឧទ្យានបានបន្តទៅមុខទៀត
ទេពនិមិត្តទ្រង់និមិត្តជាមនុស្សកំពុងឈឺ ក្តៅក្រហល់ក្រហាយនៅក្នុងខ្លួនដោយ អាការៈ រោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យទៀតថា ចុះនេះជាមនុស្ស យ៉ាងម៉េច?​  ពួកសេនាមាត្យក្រាបទូលថា ព្រះករុណាលោកម្ចាស់ មនុស្សនេះកំពុងមានជំងឺ
៣-ទេពនិមិត្តជាមនុស្សស្លាប់ ទេពនិមិត្តនៅក្នុងសួនឧទ្យានបានមកនិមិត្តជាមនុស្សកំពុងដេកស្លាប់ហើមស្អុយរលួយគួរជាទីខ្ពើមរអើមក្រៃពេកដោយព្រះអង្គមិនដែលទ្រង់បានទតឃើញក៏សួរទៅសេនាមាត្យដូចមុនដែរ សេនាមាត្យក៏ក្រាបទូលថាមនុស្សយើង តែងមានការបែកធ្លាយ រូបកាយ ស្លាប់យ៉ាងនេះ ព្រះករុណាលោកម្ចាស់។
៤-ទេពនិមិត្តជាអ្នកបួស  ទេពនិមិត្តបីប្រការ គឺ ចាស់ ជរាឈឺ ស្លាប់ ធ្វើអោយ ព្រះសិទ្ធត្ថទ្រង់សង្វេគជាពន់ពេក ទ្រង់ធ្វើការពិចារណា ទៅលើរូបកាយ ដោយព្រះអង្គឯងថា បណ្តារូបកាយនៃសត្វលោកទាំងឡាយនេះ នឹងមាន សភាវ ចាស់ ឈឺ និងឈានដល់ការបែកធ្លាយស្លាប់ ទៅវិញយ៉ាងនេះឯងហ្ន៎ តើមាន ថ្នាំឯណា មានផ្លូវឯណា គេចអោយរួចផុតពីការ ចាស់ ឈឺស្លាប់នេះបានទេ? កំពុងតែគិតសង្វេគដូចនេះទេពនិមិត្តនិមិត្តជាសមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយព្រះអង្គទត ឃើញទៀត ព្រះអង្គទ្រង់មានសទ្ធាពេញហទ្ឬយ ត្រេកអជាក្រៃពេកចំពោះសមណ ភេទនេះ។

ការសាងផ្នួស
          ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើម រូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំង ហើយព្រះអង្គសព្វព្រះហឫទ័យ ដោះស្រាយបញ្ហា ជិវិតដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មា សម្ពោធិញាណធម៌។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែល រាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយា ពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅ ស្ថានសន្តុសិត បានចុះមកជួយព្រះសិទ្ធត្ថ ដោយធ្វើអោយព្រះនាងពិម្ពារ និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកុំ អោយភ្ញាក់ធ្វើការរំខាន ដល់ការសំរេចចិត្តរបស់ព្រះអង្គ ហើយជិះសេះរាជរដ្ឋ ជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង ។
       ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរ ព្រះកេសា ហើយអធិដ្ឋានថា បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធមែន ចូរកេសាទាំងឡាយ នៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាចព្រះកេសាទាំងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោកក្នុងគ្រានោះទៅ។
           កោណ្ឌញ្ញព្រាហ្មណ៍គឺព្រាហ្មមួយអង្គក្មេងជាងគេដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រាស់ដឹងជាព្រះពុទ្ធនោះ កាលបើ ដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយ សមណ ៤អង្គទៀត ចេញទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ


ការសិក្សា និងទុក្ករកិរិយា
កាលបានបួសស្រេចបាច់អស់ហើយព្រះសិទ្ធត្ថគោត្ដមទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបសពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង ឧទកតាបស ដោយយល់ថា ក្នុងសំណាក់តាបសទាំងពីរព្រះអង្គពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បាន សំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ ដោយព្រះអង្គឯង វិញ។
          ព្រះអង្គទ្រង់ធ្វើទុក្ករៈកិរិយា ការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាកដល់រូបកាយ យ៉ាងក្រៃលែងដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំងការប្រព្រឹត្តទុក្ខរៈកិរិយាអស់រយពេល៦ព្រះវស្សាព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។មានដំណាលថាមានទេពនិមិត្តបានមកដេញពិនថ្វាយអោយព្រះអង្គទ្រង់បានសន្តាប់ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀតដោយខ្សែពិនរិតតឹងពេកគ្រាន់តែកេះទឹងខ្សែពិនដាច់ប៉ិតតែម្ដងទៅ។ទេពនិមិត្តជានាក់ដេញពិនរៀបចំដាក់ខ្សែពិនជាថ្មីហើយរៀបរំអោយត្រូវមិនតឹងពេកមិនអោយធូពេកលុះរៀបចំបានត្រូវហើយ ទើបចាប់ដេញ បានជាភ្លេងយ៉ាងពិរោះថ្វាយ ព្រះអង្គទ្រង់បានសន្តាប់ព្រះសិទ្ធត្ថគោត្ដមទ្រង់ពិចារណាប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិដោយយកពិធីដេញពិនជាគោលឃើញថាការធ្វើប្រតិប័ត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការត្រាស់ដឹងបានឡើយហើយការប្រព្រឹត្តប្រតិប័ត្តតឹងរ៉ឹងពេកធ្វើអោយដាច់ក៏ជាហេតុមិនអាចអោយព្រះអង្គដឹងបានឡើយ។
        លុះទ្រង់ពិចារណា ហេតុផលដូចនេះហើយ ទើបព្រះអង្គទ្រង់លះបង់ ការធ្វើទុក្ខរៈកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ ។
            បញ្ចវគិយ៍ភិក្ខុ ឃើញដូចនោះ ក៏គិតគ្នាថា ឱ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តី ព្យាយាមហើយ តើព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយហើយក៏បបួលគ្នាឈប់តាមបំរើព្រះអង្គទៀតតាំងពីនោះមក ។

ការត្រាស់ដឹង
  ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថ ក៏ចាប់ផ្តើមប្រព្រឹត្ត ប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់រដ្នមគធ ក្នុងស្រុក ពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនេរញ្ជរា ដ៏មានទឹកថ្លាគួរជាទីស្នាក់ អាស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយ ខាងលិចស្ទឹង បែរព្រះភ័ក្តទៅទិសបូព៌ ទ្រង់យកស្បូវភ្លាំង ដែលសាត្ថីយកុមារ ប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គមួយ កំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គ ដោយសុខស្រួលហើយ តាំងអារម្មណ៍ អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររីងស្ងួតចុះ បើអាត្មាអញមិនបានសំរេចការត្រាស់ដឹងទេអាត្មាអញនឹងមិនក្រោកចាកពីរតនបល្ល័ង្គនេះឡើយ»
        ព្រះអង្គទ្រង់ចាប់ផ្តើមចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេច ឈានជាលំដាប់។ ទ្រង់សញ្ជឹង គិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេងយល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រឡំ នៃសញ្ញាខន្ធរបស់គេ មនុស្សម្នាក់ៗ មានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែល មិនមែនរបស់ខ្លួន អនត្តាថាជារបស់ខ្លួន
ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញនូវការយល់ដឹងរបស់ព្រះអង្គ ចំពោះភាវៈខាងគំនិតប្រាជ្ញា ជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាចខឹងស្អប់ក្រអឺតក្រអាងច្រណែនប្រច័ណ្ឌលោភនិងល្ងង់ខ្លៅជាដើម។
សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណា ដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថាប្រភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។
 ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូលជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិត នៃស្ទឹងទាំង៥គឺ៖ ១​)រូបខន្ធ   ២)វេទនាខន្ធ    ៣)សញ្ញាខន្ធ    ៤)សង្ខារខន្ធ   ៥) វិញ្ញាណខន្ធ
  ឥឡូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួនអនត្តា គឺចាកលក្ខខ័ណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌អនិច្ចំនិងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។



ការផ្ចាញ់មារ
ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្ល័ង្គ ក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំងបីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីអោយព្រះអង្គលះបង់ ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតមពុំមានការចាប់អារម្មណ៏ឡើយធ្វើ អោយនាងទាំងបីវិនាសអន្តរធានទៅ។
បន្ទាប់ពីទទួលបរាជ័យ ក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតម មកក្រុងមារនៅ តែមានចិត្តឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារ បានលែងកងទ័ព បិសាច កាចសាហាវ តូចធំ ទាំងឡាយជាច្រើនអោយមកច្បាំង ដណ្តើមយកបល័្លង្គ ពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះគ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦ គីឡូម៉ែត្រ) និមិត្តដៃមួយពាន់ កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញ កងពលសេនាដ៏ច្រើនតាន់តាប់ មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍   ខាងលើ៩យោជន៍។         ទេវតាទាំងឡាយ ដែលជានាក់
ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាឡ បានបញ្ចេញរិទ្ធធ្វើអោយកង ពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន។ កងពលមារមួយកងទៀត លើកមកពីទិសឧត្តរ មារាធិរាជដែលភ័យញញើត ស្រែកប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។
     មារចាប់ផ្លែងសអោយកើត ជាខ្យល់ព្យុះ ដែលមានកំលាំងបោកបក់ភ្នំ
អោយរលំប តែខ្យល់នោះមិនបានធ្វើអោយ កំរើកសូម្បីតែជាយស្បង់ចីវរព្រះអង្គបន្តិចឡើយ។
             មារបង្កើតអោយមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយ ទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះមារាធិរាជក៏បរដំរីដៃកាន់អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖ «នែសិទ្ធត្ថ!ចូរអ្នកដើរចេញពីរតនបល្ល័ង្គ នេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង»
            ព្រះសមណគោតមទ្រង់ត្រាស់ពោលទៅកាន់មារវិញថា«ម្នាលមាររតនបល្ល័ង្គនេះកើតមកមិនមែនសំរាប់រូបអ្នកទេគឺពិតជាកើតមកសំរាប់យើងដែលជាអ្នកបំពេញនូវបារមីទេតើអ្នកមិនមែនជាអ្នកបំពេញបារមីទេចូរថយចេញភ្លាមទៅ។នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាជប្រភពនៃសេចក្តីទុក្ខដូចជាការភ័យខ្លាចខឹងស្អប់ក្រអឺតក្រអាងច្រណែនប្រច័ណ្ឌលោភនិងល្ងង់ខ្លៅជាដើម។    ក្រុងមាររិតតែខឹងខ្លាំងឡើងហើយក៏គ្រវែងចក្រាវុធដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធនោះក៏ក្លាយ ជាពិដានការពារព្រះអង្គទៅវិញឯក្រុម ពលមារ ដែលដកភ្នំគ្រវែងមកលើព្រះអង្គ ពេលនោះដែ តែភ្នំទាំងនោះ ក្លាយជាកំរងផ្កា បូជាព្រះអង្គទៅវិញ។ ដោយទល់គំនិ មិនដឹងនឹងរកអ្វីតទល់ យកឈ្នះលើព្រះអង្គ   បានមារសំលុតព្រះអង្គ    ថាតើព្រះអង្គមានភស្តុតាងគុណធម៌អ្វីជាអាង។
      ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធ គ្រប់ព្រះអង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់ តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តា ដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី?
  ក្រុងមារឆ្លើយតបដោយខែងរែងថា «ពលរេហ៍យើងទាំងអស់នេះជាបន្ទាល់។  ចុះសិទ្ធត្ថអែងវិញមានអ្វីជាសាក្សី។
            ព្រះសមណគោតម ទ្រង់លើកព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវ ប្រាប់ធរណី អោយជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។
មុទ្រ  រឺកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយក ព្រះធរណីធ្វើជាសាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយ កក្រើកឡើងទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់ នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិ ជាវេស្សន្តពោធិសត្វគ្រានោះ ដំរីគ្រីមេខលាដែលជាអតីតជាតិជានាគេននោះ ក៏អោនក្បាលលុតជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព ឬនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃស្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏ មហាមារអស់ជាច្រើនមហាមារ ឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា     «បពិតមហាបុរស អ្នកជាអ្នកមានញាណញេយ្យ ដ៏អស្ចារ្យមែន យើងខ្ញុំ ព្រះករុណា សូមនមស្សការដោយគោរព»។         
ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅ ថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់ សុំរាជបុត្រ នៅទីនោះ មកដល់ដើមពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធ ត្រេកអរប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយមធុបាយាសឭដ៏ភាជន៍មាស ដល់ព្រះសម្មា សម្ពុទ្ធ ព្រះអង្គទ្រង់ពូតមធុបាយាសជា ៤៩ ពំនូត ហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារដែលលិចទៅបះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនធ្វើ អោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថាឱ!មានព្រះពុទ្ធត្រាស់ដឹងមួយអង្គទៀត ហើយតើ !៕
ព្រះសមណ គោតម បានត្រាស់ជាព្រះពុទ្ធ នៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា។


បឋមទេសនា
        ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិនញ៉ាំងសត្វទាំងឡាយណា ដែលដិតជាប់កាមអោយត្រាស់ដឹង បានឡើយតថាគតនឹងមិនធ្វើការ
ប្រៀន ប្រដៅដល់សត្វលោក ដោយប្រការយ៉ាងនោះ ឡើយ។ គ្រានោះ សហម្បតីព្រហ្ម ជាឥសីលោកា ទ្រង់ចូលគល់ ព្រះសាស្តាឳនសិរសា លើកដៃបង្គំអារាធនា អោយព្រះអង្គទ្រង់ប្រោសប្រណីដល់សត្វនានា  ព្រះពុទ្ធក៏ទ្រង់អនុគោលយល់ព្រមទទួលសំដែង
ធម៌ទេសនា អោយសត្វលោកដោយករុណាតាំងពីពេលនោះមក។
    ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសីចូលទៅព្រៃឥសីបទនមិគទាយវ័ ជាទីស្នាក់ អាស្រ័យនៃបញ្ចវគិយ៏ភិក្ខុ ភិក្ខុ ៥ អង្គបានឃើញព្រះពុទ្ធទ្រង់យាងមកពី  ចំងាយក៏ជំនុំប្រាប់គ្នាថា យើងទាំងឡាយចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយនោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែលព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែង ទៅវិញ។
  ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែល ហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បានសំរេចសោតាបត្តមគ្គក្នុងគ្រានោះឯងតាំងពីពេល
នោះមក មានមនុស្សជាច្រើន បានចូលទៅបួសរៀន ក្នុងសំណាក់ព្រះអង្គហើយបានសំរេចមគ្គផល ទៅតាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ព្រះបាទសុទ្ធោទនបិតា និងព្រះនាងពិម្ពាជាព្រះជយាព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុលបុត្រ ចូលទៅសុំចែកទ្រព្យសម្បត្តិពីសំណាក់បិតា ព្រះពុទ្ធក៏ទ្រង់បំបួស រាហុល ជាសាមណេរតាំងពីពេលនោះមក។


ពុទ្ធកិច្ច
            ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖
            -នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
            -នៅពេលរសៀលទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន
           -នៅពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃទាំងឡាយ
            -នៅពេលកណ្តាលអធ្រាត ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ
-នៅពេលជិតភ្លឺ ទ្រង់ប្រមើលមើលសត្វដែលមាននិស្ស័យ និងឥត    និស្ស័យ។


ដាក់ព្រះជន្ម
          ពេលចេញវស្សាទី៤៥ក្នុងព្រះជន្មាយុ៨០ព្រះវស្សានាថ្ងៃ១៥កើតពេញបូណមី ខែមាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វាន ក្នុងរយពេល៣ខែទៀត។
ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិសេសគឺព្រះអានន្ទ ជាអ្នកបំរើ  ព្រះអង្គផ្ទាល់កាលបើដឹងថា ព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយយំ សោកស្តាយ អាយុសង្ខារព្រះអង្គយ៉ាងខ្លាំង ​មិនទាន់ចង់អោយព្រះអង្គ ចូល បរិនពា្វនឡើយ។

ការបរិនិពា្វន
      ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទីហើយ នៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ
 នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ។
            ពេលបច្ឆឹមរាត្រី ព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែល កើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ»។ ព្រះពុទ្ធទ្រង់មាន
ពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គ ក៏ទ្រង់រលត់ខន្ធក្នុង ពេលនោះទៅ។
ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគ.ស. ក្នុងព្រះជន្ម ៨០ឆ្នាំ។

កត់សំគាល់       ការសឹក្សាពុទ្ធប្រវត្តិធ្វើអោយយើងកត់សំគាល់បានយ៉ាងស្រួលដូច
តទៅនេះ ៖
         ទ្រង់ប្រសូត  ថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។
         ត្រាស់ដឹង ថ្ងៃពុធ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា។
         ដាក់ព្រះជន្ម វស្សាទី៤៥ ថ្ងៃ ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។
         បរិនិពា្វន ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។
ចប់ពុទ្ធប្រវត្តិសង្ខេបតែប៉ុណ្ណេះ